
កាលបរិច្ឆេទ: ០៩ កុម្ភៈ ២០២៦ / កសិកម្ម / Author : ATH Sokren
នៅថ្ងៃអាទិត្យទី២៥ ខែមករា ឆ្នាំ២០២៦ លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីកសិកម្ម និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Dr Linkham DOUANGSAVANH និងឯកឧត្តម ឌិត ទីណា (Dith Tina) រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទកម្ពុជានៅរោងចក្រក្រុមហ៊ុនខនហ្វីរេល។
ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈយោគយល់គ្នាស្តីពី «ការដឹកជញ្ជូនផលិតផលកសិផលឆ្លងកាត់ (Transit) ប្រទេសឡាវ» ដែលនឹងបើកផ្លូវឱ្យកម្ពុជាអាចដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារប្រទេសចិនតាមផ្លូវគោក ដោយឆ្លងកាត់ទឹកដីឡាវជាផ្លូវការក្នុងពេលដ៏ឆាប់ខាងមុខនេះ»។
លោកឱសថបណ្ឌិត ហៃ លីអ៊ាងបានបញ្ជាក់ប្រាប់ភ្ញៀវថា ផលិតផលខនហ្វីរេលសុទ្ធសឹងជាផលិតផលកែច្នៃចេញពីផលិតផលមរតកដូនតា ដូចជាត្នោត ម្រេចកំពត និងប្រហុកម្សៅជាដើមមានកម្មសិទ្ធិបញ្ញាអន្តរជាតិ ដែលធ្វើឱ្យផលិតផលខនហ្វីរេលភាគច្រើនមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយលោកសង្ឃឹមថា ផលិតផលទាំងនេះនឹងមានវត្តមាននៅប្រទេសឡាវនៅថ្ងៃខាងមុខ ព្រោះថាផលិតផលឱសថប៉េប៉េអឹមមានវត្តមានរួចហើយនៅប្រទេសឡាវ។
បន្ទាប់ពីទស្សនាវីដេអូ Confirel Profil និងបទបង្ហាញពី Company Profil របស់លោក សាកេត សុភសីលា រួចមកភ្ញៀវទាំងអស់ត្រូវបានអញ្ជើញទស្សនាខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនខនហ្វីរេល និងមន្ទីរពិសោធន៍ Labiocert. បន្ទាប់មកគណៈប្រតិភូទាំងអស់បានអញ្ជើញភ្លក្សផលិតផលខនហ្វីរេលដែលក្នុងនោះរួមទាំង Pizza Prahok ដែលរៀបចំដោយសណ្ឋាគារពេញ House ផងដែរ។
មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ Dr Linkham DOUANGSAVANH បានសរសេរនៅក្នុងសៀវភៅក្រាំងមាសរបស់ក្រុមហ៊ុនខនហ្វីរេល ដោយលោកបានបញ្ជាក់ថា លោកពិជាមានមោទនភាពមែនទែនដែលបានឃើញដោយផ្ទាល់ភ្នែកនៅរោងចក្រកែច្នៃផលិតផលកសិកម្មដ៏ធំនៅកម្ពុជាដូចជារោងចក្រខនហ្វីរេលនេះ។ ព្រោះខនហ្វីរេលជារោងចក្រកែច្នៃផលិតផលចេញពីជនបទ ផលិតដោយកសិករដែលបានជួយដោយផ្ទាល់ដល់សេដ្ឋកិច្ចជនបទ។
លោកបានលើកទឹកចិត្តឱ្យក្រុមហ៊ុនខនហ្វីរេលចូលទៅវិនិយោគកែច្នៃផលិតផលនៅក្នុងប្រទេសឡាវ ឬក៏នាំយកផលិតផលរបស់ខ្លួនទៅលក់នៅក្នុងប្រទេសឡាវផងដែរ។ លោកបានចាត់ទុកថា ដំណើរទស្សនកិច្ចនៅខនហ្វីរេល ជាទស្សនកិច្ចដ៏មានសារៈសំខាន់ និងប្រកបទៅដោយមិត្តភាពរវាងឡាវ និងកម្ពុជា ហើយលោកសង្ឃឹមថា ខនហ្វីរេលនឹងមានទីផ្សារកាន់តែទូលំទូលាយជាងមុននៅឯបរទេស។ ហើយលោកបានថ្លែងអំណរគុណដល់លោកឱសថបណ្ឌិតហៃ លីអ៊ាងដែលបានចំណាយពេលសម្រាកថ្ងៃអាទិត្យ រៀបចំកម្មវិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក។
សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យទី ២៥ ខែមករា ឆ្នាំ ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទកម្ពុជា និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី៖«ការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ» នៅក្រសួងកសិកម្ម។ កិច្ចព្រមព្រៀងនេះ មានសារៈសំខាន់នឹងប្រើច្រកដឹកជញ្ជូនថ្មីមួយទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ប្រទេសចិនដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូន ព្រមទាំងពង្រីកឱកាសទីផ្សារជូនកសិករ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃវិស័យកសិកម្មកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា វិសាលភាពនៃការដឹកជញ្ជូនគ្របដណ្តប់លើបន្លែ និងដំណាំស្រស់ និងស្ងួតរួមមានៈ ចេក ទុរេន មៀន ស្ថាយ អង្ករ ដំឡូងមី និងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតដែលភាគីទាំងពីរនឹងឯកភាពគ្នានៅថ្ងៃអនាគត៕